Friday, February 23, 2018

ស្វែងយល់ពីអាណាចក្រខ្មែរដំបូង

ហ្វូណាន ឬ នគរភ្នំ

            សម័យហ្វូណានគឺជាសម័យដំបូងនៃប្រវត្តិសាស្រ្តនៃប្រទេសខ្មែរ ដែលអ្នកប្រវត្តិវិទូទូទៅរាប់ចាប់ពីប្រហែលត្រឹមឆ្នាំ ៥២ នៃគ.ស រហូតដល់ឆ្នាំ ៥៥០ នៃគ.ស ។ ហើយប្រភពឯកសារដែលធ្វើឱ្យយើងដឹងពីសម័យនេះគឺបានមកពីប្រភពឯកសាររបស់ចិន ។ គឺតាមកំណត់ហេតុរបស់បេសកទូតចិនពីររូបគឺ កាំង ថៃ និង ជូ យិង ដែលបានមកកម្ពុជានៅសតវត្សរ៍ទី៣ ប្រហែលឆ្នាំ ២៣០ ។

          ១ ទីតាំងហ្វូណាន
            តាមរយ:កំណត់ហេតុរបស់បេសកទូតចិនបាននិយាយអំពីទីតាំងរបស់ហ្វូណាន ថា ហ្វូណានមានចំងាយ ៣០០០លី ខាងលិច លីនយី (១២០០គ.ម) ហើយទឹកដីហ្វូណាន លាតសន្ធិងតាមឆ្នេរសមុទ្រពីលិចទៅកើតមានចម្ងាយប្រហែល ៣០០០លី ។ ហើយថែមទាំងបានបន្ថែមទៀតថាហ្វូណានមានទន្លេធំមួយ ហូរពីបស្ចឹម ឬភាគពាយ័ព្យចាក់ទៅ   សមុទ្រ ។ ទន្លេនេះទំនងជាចិនចង់និយាយអំពីទន្លេមេគង្គនេះឯង ។ ចំណែកតំបន់ធំមួយទៀតនៅខាងលិចហ្វូណាន ចិនហៅថា ទុន-ស៊ុន ដែលក្រោយមកក្លាយប្រទេស មន ដែលមានទីក្រុង ឬរាជធានីប្រាំ ។

            រាជធានី
            តាមរបាយការណ៍របស់ចិនសរេសរក្នុងរាជវង្ស ថាំង ( ៦១៨-៩០៦) ពួកគេបាននិយាយថា រាជធានីនៃសម័យហ្វូណានមានឈ្មោះថា ទិក មុក ។ហើយមានចម្ងាយ ៥០០លី ( ២០០​ គ.ម) ពីសមុទ្រ ។  យើងនិងលើកទស្សន:ពីរផ្ទុយគ្នាមកសិក្សាពីបញ្ហានេះ ៖
          ១ ហ្សក សឺដេស
          លោកបានគិតថាទីក្រុងនោះគឺស្ថិតនៅបាភ្នំ ខេត្តព្រៃវែង ។ លោកសឺដេសបានយក ពាក្យ ទិក មុក មកធ្វើការបន្លាយតាមភាសាវិទ្យា ថាទិក មុក - ទល្មាក់ -ទាក់ - អ្នកទាក់ ។  ពាក្យអ្នកទាក់នេះហើយដែលលោកគិតថាជាទីក្រុងអ្នកទាក់ដំរី ។ ព្រោះល្បែងរបស់ស្តេចនៅសម័យនោះគឺការទាក់ដំរី ។  ហើយត្រូវនិង ស្ថាននាមអនុស្សាវរីយ៍មួយចំនួនទាក់ទងនិងឈ្មោះទីតាំង ដូចជា ព្រៃដំរី ក្បាលដំរី ដំរីស្អុយ និងរោងដំរី នៅតំបន់បាភ្នំនោះ ។ ចំណែកសិលាចារឹកនៅវត្តចក្រែត ស.វទី ១០ ដែលតាំងនៅជើងភ្នំបាភ្នំ បានពណ៌នាពីការប្រតិស្ថាន ព្រះសិវលិង្គឈ្មោះ “ វ្យាធបុរេស្វរ:លើភ្នំមួយដូច្នេះគាត់សន្មត់ថារាជធានីហ្វូណាន នៅបាភ្នំខេត្តព្រៃវែង ។
        ២ ការសិក្សាថ្មី ឆ្នាំ១៩៩៦
          ការសិក្សាថ្មីនេះហាក់បានបង្ហាញថាអង្គរបុរីគឺជារាជធានីនែសម័យហ្វូណាន ។ ការសិក្សាលើទីតាំងកំណាយពីរ មួយនៅបាភ្នំ និង អង្គបុរី (ខេត្តតាកែវ) ។ ចាប់ពីឆ្នាំ ១៩៩៦ មក ការសិក្សាខាងបុរាណវិទ្យាបានចាប់ផ្តើមធ្វើទៅលើទីតាំងពីរគឺ មួយនៅបាភ្នំ និង អង្គរបុរី ។ រូបភាពថតពីលើអាកាសបានបញ្ជាក់ថានៅបាភ្នំគ្មានស្លាកស្នាមអ្វីដែលបញ្ជាក់ថាជាទីក្រុងសម័យបុរាណទេ ។ ចំណែកនៅអង្គរបុរីមានស្លាកស្នាមអំពីទីក្រុងដែលមានចំណាស់តាំងពីមុន គ.ស យ៉ាងហោចណាស់ដល់ស.វទី ៧ ។
          យើងវិភាគលើចំណុចបីដែលយើងអាចសន្មត់ថាអង្គរបុរីជាទីក្រុងសម័យហ្វូណាន ទីមួយ ប្រសិនគេធ្វើការពិចារណាឡើងវិញអត្ថន័យសិលាចារឹកវត្តចក្រែតឃើញថាភ្នំដែលគេតាំងអាទិទេព វ្យាធបុរេស្វរ: អាចត្រូវនិងភ្នំ សប្បនិមិត្តឈ្មោះ បាទេព ឬ ភ្នំដារនៅអង្គរបុរីបានដែរ ។ ទីពីរ ចំណែកសិលាចារឹកបន្ទាយប្រាវ K. ២២២ នាសតវត្សរ៍ទី ១១ បានពណ៌នាអំពី មន្ត្រីម្នាក់នៅស្រុកវ្រៃក្របាសនៃវ្យាធបុរ: គឺ លោញវ្រៃក្របាសវ្យាធបុរ: បានន័យថាលោញនៃស្រុកព្រៃក្របាសក្នុងដែនដី វ្យាធបុរ:ទីបី នៅសតវត្សរ៍ទី ១៧ មានពត៌មានមួយបញ្ជាក់ទាក់ទងទៅនិងតំបន់អង្គរបុរីនេះដែរថា ព្រៃក្របាសនគរាធិបតី  គឺព្រៃក្របាសនៃរាជធានីធំជាងគេ ។


Reference:

1 វង់ សុធារ៉ា និង ណុប សុខា.ប្រវត្តិសាស្រ្តខ្មែរ.២០១២
២ ត្រឹង ងា.ប្រវត្តិសាស្រ្តខ្មែរ.១៩៧៣

No comments:

Post a Comment