Friday, February 23, 2018

នយោបាយ និង សេដ្ឋកិច្ច នគរភ្នំ


  សម័យហ្វូណានគឺជាសម័យដំបូងនៃប្រវត្តិសាស្រ្តនៃប្រទេសខ្មែរ ដែលអ្នកប្រវត្តិវិទូទូទៅរាប់ចាប់ពីប្រហែលត្រឹមឆ្នាំ ៥២ នៃគ.ស រហូតដល់ឆ្នាំ ៥៥០ នៃគ.ស ។ ហើយប្រភពឯកសារដែលធ្វើឱ្យយើងដឹងពីសម័យនេះគឺបានមកពីប្រភពឯកសាររបស់ចិន ។ គឺតាមកំណត់ហេតុរបស់បេសកទូតចិនពីររូបគឺ កាំង ថៃ និង ជូ យិង ដែលបានមកកម្ពុជានៅសតវត្សរ៍ទី៣ ប្រហែលឆ្នាំ ២៣០ ។ ថ្ងៃនេះ ខ្មែរថ្មី និងលើកប្រវត្តិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចនាសម័យនគរភ្នំមកនិយាយម្តង ។
៥ នយោបាយ
បន្ទាប់ពីព្រះបាទ ហ៊ុន ទៀន រៀបអភិសេកជាមួយលីវ យី ហើយបានបង្កើតជារដ្ឋមក សង្គមខ្មែរមានការផ្លាស់ប្តូររបបនយោបាយមួយស៊ីជម្រៅ គឺពីប្រពៃណីមេនិយមជាធំ ពីសំណាក់ជនជាតិខ្មែរទៅជារបបរាជានិយមតាមបែប ឥណ្ឌា ។  បន្ទាប់មកស្តេចនៃនគរហ្វូណានបានអនុវត្តន៍នយោបាយចក្រពត្តិនិយម ដោយមាននគរចំណុះជាច្រើន និងវាយយកនគរជាច្រើនដាក់ជាចំណុះ ។ ក្រៅពីនេះសម័យហ្វូណានបានធ្វើទំនាក់ទំនងជាមួយប្រទេសធំនៅជិតខាងខ្លួន ។
ក ទំនាក់ទំនងជាមួយចិន
ប្រទេសខ្មែរមានទំនាក់ទំនងជាមួយប្រទេសចិនជាយូរមកហើយ គឺតាំងពីសម័យនគរភ្នំមកម្លេះ ។ ប្រទេសចិនបានមកធ្វើទំនាក់ទំនងជាមួយហ្វូណាននៅក្នុងសតវត្សរ៍ទី ៣ ប្រហែលឆ្នាំ ២៣០ ។ មូលហេតុដែលចិនមកធ្វើទំនាក់ទំនងជាមួយហ្វូណានគឺ នៅពេលនោះប្រទេសចិនមានបែកបាក់ជាបី គឺរដ្ឋវ៉ូ, រដ្ឋវៃ, និង រដ្ឋជិន ។ ពេលនោះរដ្ឋ វ៉ូ ដែលជារដ្ឋនៅភាគអាគ្នេយ៍នៃប្រទេសចិនត្រូវ រកផ្លូវ សមុទ្រថ្មី ដើម្បីទៅធ្វើជំនួញជាមួយឥណ្ឌា និង តំបន់អារ៉ាប់ នៅពេលដែលគូរប្រជែងរបស់រដ្ឋនេះ គឺរដ្ឋ វៃ និង រដ្ឋជិន បានបិទផ្លូវគោកទៅកាន់តំបន់នោះ ។  នៅពេលនោះរដ្ឋវ៉ូបាន បញ្ជូនបេសកទូត ពីររូបមកកាន់ហ្វូណាន គឺ លោក កាំង ថៃ និង លោក ជូ យីង ។ ចាប់ពីពេលនោះហើយដែលហ្វូណានបានធ្វើទំនាក់ទំនងជាមួយប្រទេសចិន ។
ខ ទំនាក់ទំនងជាមួយឥណ្ឌា
ទំនាក់ទំនងហ្វូណាននិងប្រទេសឥណ្ឌាក៏ធ្វើឡើយដំណាលគ្នានៃ ទំនាក់ទំនងរវាង ចិននិងហ្វូណានដែរ ។ ហ្វូណានបានបញ្ជូនទូតរបស់ខ្លួនទៅកាន់ប្រទេសឥណ្ឌានៅសតវត្សរ៍ទី ៣ ។ មូលហេតុដែលហ្វូណាន បញ្ជូនទូតទៅកាន់ប្រទេសនេះ ដោយសារស្តេចខ្មែរបានលឺការពណ៌នាដ៏អស្ចារ្យពីប្រទេសឥណ្ឌាតាមរយ:បុរសម្នាក់នៅភាគខាងលិចប្រទេសឥណ្ឌា និងដែលបានទៅប្រទេសឥណ្ឌា បុរសនោះមានឈ្មោះថា កៀ សៀលី ។ ហើយបុរសនោះបានបន្តដំណើរមកកាន់ហ្វូណាន ។ នៅពេលដែលស្តេចខ្មែរក្នុងសម័យនោះគឺ ស្តេច ហ្វានឆាន បានលឺដំណឹងដ៏អស្ចារ្យនេះហើយក៏បានបញ្ជូនញាតិរបស់ព្រះអង្គឈ្មោះស៊ូវ៉ូ ទៅកាន់ប្រទេសឥណ្ឌា ។ នៅពេលដែលស៊ូវ៉ូ ទៅដល់ប្រទេសឥណ្ឌា ស្តេចនៃរាជវង្ស  មុរុណ្ឌ បាននាំលោក ស៊ូវ៉ូ ដើរទស្សនាប្រទេសព្រះអង្គ រួចឱ្យឥណ្ឌាម្នាក់ឈ្មោះ ឆេន សុង នាំលោក ស៊ូវ៉ូត្រឡប់មកវិញ ដោយប្រគល់ឱ្យសេះបួននៃស្រុកនោះ ដើម្បីទុកជាដង្វាយនៃព្រះអធិរាជអាណាចក្រភ្នំ ។ ចាប់ពីពេលនោះមកហ្វូណានមានទំនាក់ទំនងជាមួយឥណ្ឌារហូតមកដល់សព្វថ្ងៃ ។

៦ សេដ្ឋកិច្ច
សម័យហ្វូណានគឺជាសម័យមួយដែលរុងរឿង ហើយការរុងរឿងនេះក៏ដោយសារតែសម័យនោះមានសេដ្ឋកិច្ចរីកចម្រើន ។ វិស័យសេដ្ឋកិច្ចដែលរីកចម្រើនបំផុតនោះគឺ ផ្នែកពាណិជ្ជកម្ម  នៅសម័យហ្វូណានមានកំពង់ផែរធំមួយសម្រាប់ធ្វើទមនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្ម គឺកំពង់ផែ អូកែវ (សព្វថ្ងៃនៅកម្ពុជាក្រោម វៀតណាមខាងត្បូងសព្វថ្ងៃ) ដែលមានសកម្មភាពសេដ្ឋកិច្ចពីសតវត្សរ៍ទី ១ដល់ទី៧ នៃគ.ស ។ ហ្វូណានបានផលិតទ្រព្យសម្បត្តិដូចជា មាស  ប្រាក់ ភ្លក់ ….។ ហើយហ្វូណានមានទមនាក់ទំនងពាណិជ្ជកម្មជាមួយពួករ៉ូម៉ាំង ក្រិក ចិន និង ឥណ្ឌា ។ ការសន្និដ្ឋានបែបនេះដោយសារគេបានរកឃើញ កាក់ធ្វើអំពីប្រាក់ជាពិសេសនៅកំពង់ផែអូកែវ ។
ចំណែកវិស័យកសិកម្មក៏មានភាពរីកចម្រើនខ្លាំងដែរ ដោយសារតែមានភាពជោគជ័យលើផ្នែកនយោបាយទឹក ។ ដោយអ្នកស្រុកចេះជីកព្រែកខ្វាត់ខ្វែងដែលមានសល់ដានដល់សព្វថ្ងៃ ។ ចិនបាននិយាយថាគេព្រោះមួយឆ្នាំរួចគេច្រូតបានបីរដូវ ។        

ឯកសារចិនបាននិយាយថាអាណាចក្រភ្នំជាកន្លែងកើតមាសកើតប្រាក់ ទង់ដែង សំណបាហាំង  គ្រឿងក្រអូប   ភ្លុកដំរី   និងពេជ្រ ។ ឯកសារនេះបានបន្ថែមថាអ្នកស្រុកហ្វូណានប៉ិនប្រសប់ណាស់ក្នុងរបរធ្វើជាងមាស ឬប្រាក់ ដូចជាធ្វើចិញ្ចៀនឬកងដៃមាស  ធ្វើគ្រឿងចានក្បានប្រាក់ ។ អ្នកស្រុកប៉ិនណាស់ដែរក្នុងរបរសូន្យរូប ត្បាញសូត្រ ចរបាប់ ស្លកែរ ។ល។


Reference:

1 វង់ សុធារ៉ា និង ណុប សុខា.ប្រវត្តិសាស្រ្តខ្មែរ.២០១២
២ ត្រឹង ងា.ប្រវត្តិសាស្រ្តខ្មែរ.១៩៧៣

No comments:

Post a Comment