Sunday, February 25, 2018

ស្វែងយល់ពីរដ្ឋ




ស្តីអំពីរដ្ឋ
          រដ្ឋមានតួនាទីយ៉ាងសំខាន់នូវក្នុងវិស័យនយោបាយជាង ៣០០ ឆ្នាំមកហើយនូវលើពិភពលោកយើងនេះ ហើយពាក្យនៃរដ្ឋ ប្រជាជាតិត្រូវបានទ្រឹស្តីវិទូជាច្រើនយកមកធ្វើជាកម្មវត្ថុនៅក្នុងវិស័យទំនាក់ទំនងអន្តរជាតិ។ ប៉ុន្តែនៅក្នុងបរិការណ៍ខ្លះ អត្តន័យនៃពាក្យរដ្ឋ ប្រជាជាតិមិនមានចរិតលក្ខណ:ខ្លឹមសារដូចគ្នានោះទេ ។
          និយមន័យនៃពាក្យរដ្ឋ
          រដ្ឋគឺផ្សារភ្ជាប់ទៅនិងទំហំភូមិសាស្រ្តមួយជាកំណត់ ហើយគ្រប់គ្រងតាមរយ:អាជ្ញាធរកណ្តាលមួយដែលមានសិទ្ធិបង្កើតច្បាប់ដឹកនាំ និងបញ្ចេញសេចក្តីផ្សេងៗ ដើម្បីពង្រឹងការអនុវត្តច្បាប់ទាំងនោះឱ្យបានត្រឹមត្រូវ ។ ហើយរដ្ឋត្រូវតែបានទទួលស្គាល់ដោយនិតិអន្តរជាតិ ។
       ២ដែលហៅថារដ្ឋ ចាំបាច់ត្រូវមានលក្ខណ:សម្បត្តិប្រាំមួយយ៉ាងគឺ :
ទីមួយទឹកដី  ទឹកដីគឺជាលំហមួយ សម្រាប់ឱ្យរដ្ឋដំណើរការសកម្មភាពនៃអំណាចរបស់ខ្លួន ប្រសិនបើគ្មានទឹកដី រដ្ឋក៍គ្មានដែរ ហើយទឹកដីនេះទៀតសោត ក៏ផ្គុំឡើងទៅដោយលំហបីដែរគឺ លំហដីគោក លំហដែនទឹក និងលំហដែនអាកាស ។
ទីពីរប្រជាពលរដ្ឋ    រដ្ឋត្រូវមានប្រជាពលរដ្ឋ ។ ប្រជាពលរដ្ឋគឺជាកន្សោមនៃបុគ្គលទាំងឡាយ ដែលរស់នៅក្នុងរដ្ឋមួយ ហើយស្ថិតនៅក្រោមអំណាចដឹកនាំរបស់រដ្ឋនោះ ។
ទីបីរដ្ឋាភិបាល        រដ្ឋត្រូវមានរដ្ឋាភិបាលមួយ ។ រដ្ឋាភិបាលតោងមានលក្ខណ:សម្បត្តិបីយ៉ាង គឺ ទីមួយ ជារដ្ឋាភិបាលស្របច្បាប់។  ទីពីរ ជា   រដ្ឋាភិបាលដែលមានសមត្ថកិច្ចនិងប្រកបដោយប្រសិទ្ធិភាពក្នុងការថែរក្សានិងគ្រប់គ្រងលើទឹកដីរបស់រដ្ឋទាំងមូល ។  ទីបី រដ្ឋាភិបាលនោះអាចដំណើរការ និងធ្វើសកម្មភាពទំនាក់ទំនងជាមួយនិង រដ្ឋ ដទៃ ។
ទីបួនកងទ័ព រដ្ឋត្រូវមានសិទ្ធិប្រើប្រាស់កងទ័ពរបស់ខ្លួនដោយឯកតោភាគី មានន័យថាអាចបញ្ជាកងទ័ពរបស់ខ្លួននៅក្នុងដែន សមត្ថកិច្ចភូមិសាស្រ្តរបស់ខ្លួន ។
ទីប្រាំ            អធិបតេយ្យភាព បូរណភាពទឹកដី ។ អធិបតេយ្យភាព បូរណភាពទឹកដី គឺចង់សំដៅទៅដល់ឯករាជ្យភាពរបស់រដ្ឋខ្លួន ឯករាជ្យទាំង ទឹកដី និងការគ្រប់គ្រង ។
ទីប្រាំមួយ     ការទទួលស្គាល់ដោយអន្តរជាតិ។
៣ ទម្រង់រដ្ឋបែងចែកជាបី
ទីមួយរដ្ឋទោល: រដ្ឋទោលគឺជារដ្ឋមួយដែលមានការរៀបចំនិងគ្រប់គ្រងដោយអំណាចនយោបាយតែមួយទៅលើប្រជាពលរដ្ឋនិងទឹកដីរបស់ខ្លួនជាក់លាក់ដោយអធិបតេយ្យ និង ឯករាជ្យដែលមិនស្ថិតនៅក្រោមការត្រួត្រារបស់រដ្ឋណាមួយ ឬបរទេសណាមួយឡើយ ។
ទីពីររដ្ឋសហព័ន្ធ: រដ្ឋសហព័ន្ធគឺជារដ្ឋមួយដែលមានរដ្ឋជាច្រើនជាសមាជិក ។ រដ្ឋសហព័ន្ធមានរដ្ឋធម្មនុញ្ញគោលមួយ ដែលសម្រាប់អនុវត្តរួមនៅក្នុងរដ្ឋសហព័ន្ធនោះ  ចំណែកឯរដ្ឋសមាជិកក៏មានច្បាប់និងរដ្ឋធម្មនុញ្ញរបស់ខ្លួនដែរ តែអត្ថបទទាំងនោះត្រូវតែស្របដាច់ខាតនិងរដ្ឋធម្មនុញ្ញនៃរដ្ឋសហព័ន្ធ ។
ទីបីរដ្ឋសហសម្ព័ន្ធ: រដ្ឋសហសសម្ព័ន្ធគឺជាការបង្រួបបង្រួម ជាអចិន្រ្តៃនៃរដ្ឋស្វយ័តជាច្រើន ដើម្បីឆ្ពោះទៅកាន់គោលដៅរួមជាក់ស្តែងណាមួយ ។ សមាជិកនិមួយៗនៃរដ្ឋសហសម្ព័ន្ធមានសិទ្ធិយ៉ាងពេញលេញ ក្នុងការការពារអធិបតេយ្យភាពរបស់ខ្លួន ហើយប្រគល់ទៅឱ្យសមត្ថភាពនៃសហសម្ព័ន្ធដោះស្រាយតែបញ្ហាណា ដែលទាក់ទងទៅនិងកិច្ចការការពារជាតិ នយោបាយក្រៅប្រទេស ប្រៃសណីយ៍ ទូរគបនាគមន៍ និង ប្រព័ន្ធរូបិយប័ណ្ណ ។
         
          ការទទួលស្គាល់រដ្ឋ
          ការទទួលស្គាល់រដ្ឋមួយមានលក្ខណ:ពីរប្រភេទ គឺទីមួយទទួលស្គាល់តាមព្រឹត្តិការណ៍ និង ការទទួលស្គាល់តាមផ្លូវច្បាប់ ។
          ការទទួលស្គាល់តាមព្រឹត្តិការណ៍មានន័យថា រដ្ឋមួយទទួលស្គាល់រដ្ឋមួយទៀត ដោយសាររដ្ឋនោះមានធាតុសំខាន់ៗរបស់រដ្ឋ ឬអាចនិយាយបានម៉្យាងទៀតថា ការទទួលស្គាល់តាមព្រឹត្តិការណ៍គឺជាការទទួលស្គាល់តាមរយ:ទំនាក់ទំនងធម្មតា តែមិនបានកសាងទំនាក់ទំនងផ្លូវទូតទេ ។
          ការទទួលស្គាល់តាមផ្លូវច្បាប់ ការទទួលស្គាល់រដ្ឋ ឬរដ្ឋាភិបាលថ្មីមួយ ដែលជាការទទួលស្គាល់តាមផ្លូវច្បាប់នោះ តម្រូវឱ្យរដ្ឋដែលត្រូវបានទទួលស្គាល់នោះមានលក្ខណ:ពេញលេញសមស្របជាសមាជិករបស់សហគមន៍អន្តរជាតិ ។
          ការទទួលស្គាល់តាមផ្លូវច្បាប់ចំពោះរដ្ឋ ឬរដ្ឋាភិបាលថ្មីមួយត្រូវធ្វើឡើងក្នុងលក្ខខណ្ឌបីយ៉ាង គឺ:
ទីមួយ រដ្ឋាភិបាលនោះធានាបានប្រកបដោយវិចារណញ្ញាណនូវស្ថេរភាព និងភាព អចិន្ត្រៃយ៍មួយ ។
ទីពីរ   រដ្ឋ ឬរដ្ឋាភិបាលដែលត្រូវបានគាំទ្រជាទូទៅពីសំណាក់ប្រជាពលរដ្ឋ ។
ទីបី    រដ្ឋ ឬរដ្ឋាភិបាលនោះ អាចមានសមត្ថកិច្ច បំពេញបាននូវ កាតព្វកិច្ចជាអន្តរជាតិ ។
          ជារួមមកវិញ រដ្ឋគឺជាការផ្សារភ្ជាប់ទៅនិងទំហំភូមិសាស្រ្តមួយជាកំណត់ ហើយគ្រប់គ្រងតាមរយ:អាជ្ញាធរកណ្តាលមួយ ដែលមានសិទ្ធិបង្កើតច្បាប់ដឹកនាំ និងបញ្ចេញសេចក្តីផ្សេងៗ ដើម្បីពង្រឹងការអនុវត្តច្បាប់ទាំងនោះឱ្យបានត្រឹមត្រូវ ។ ហើយរដ្ឋត្រូវតែបានទទួលស្គាល់ដោយនិតិអន្តរជាតិ ។  រដ្ឋត្រូវមានធាតុផ្សំប្រាំមួយយ៉ាង គឺ ទឹកដី ប្រជាជន រដ្ឋាភិបាល ការបញ្ជាកងទ័ពដោយឯករាជ្យក្នុងដែនសមត្ថកិច្ចរបស់ខ្លួន  អធិបតេយ្យភាព ឯករាជ្យ និង ត្រូវទទួលស្គាល់ដោយនិតិអន្តរជាតិ ។ ហើយទម្រង់របស់រដ្ឋមានបីគឺ ទីមួយរដ្ឋឯកក្តកូត ឬ រដ្ឋទោល  ទីពីររដ្ឋសហព័ន្ធ និងទីបី សហសម្ព័ន្ធរដ្ឋ ។

ថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០១៨


No comments:

Post a Comment